Wednesday, October 7, 2020

ការទទួលថាមពលដ៏អស្ចារ្យ


តើថាមពលដ៏អស្ចារ្យជាអ្វី? ហេតុអ្វីមានមនុស្សជាច្រើនទទួលបានវា? តាមរបៀបណា? តើប្រើវាយ៉ាងមិច? នរណាជាអ្នកផ្តល់ឱ្យវា?




ថ្ងៃនេះខ្ញុំមានទីបន្ទាល់អំពីខ្លួនឯងចង់ប្រាប់ប្រិយមិត្តអ្នកអាន ឱ្យបានដឹងថា អារម្មណ៏មួយដែលទទួលបានថា មានថាមពលអស្ចារ្យនៅក្នុងខ្លួន វាគឺជាបទពិសោធន៏ច្រើនដងណាស់មកហើយសម្រាប់ខ្ញុំ គ្រាន់តែថាយើងរាល់គ្នាមិនសូវចេះចាប់អារម្មណ៏និងយកចិត្តទុកដាក់ទៅលើវាតែប៉ុណ្ណោះឯង។ អូខេ! តាមដំណើរដើមហេតុ ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តអានសៀវវភៅចង់ដឹងចង់លឺ ទាក់ទងទៅនឹងវិទ្យាសាស្ត្រ ជំនឿ ការកំសាន្ត ។ល។ ខ្ញុំចាំបានថាកាលពី២ឆ្នាំមុននោះ ខ្ញុំបានទិញសៀវភៅដែលមនុស្សគ្រប់គ្នាប្រហែលជាស្គាល់ហើយមើលទៅ គឺសៀវភៅ The Mega Secret, The Magic, The Secret។ បន្ទាប់ពីបានអានសៀវភៅទាំងបីក្បាលនេះរួចមក ខ្ញុំយកទ្រឹស្តីដែលអ្នកនិពន្ទនិយាយ មកកត់ចំណាំសកម្មភាពរស់នៅ និងការគិតរបស់ខ្លួនឯងជាប្រចាំ អ្វីដែលអាចធ្វើតាមសៀវភៅខ្ញុំក៏ធ្វើ អ្វីដែលមិនអាចធ្វើបានខ្ញុំក៏មិនចាប់អារម្មណ៏នឹងគិតដែរ។


០៣ តុលា ២០២០ ពន្លឺព្រះអាទិត្យក៏ចាំងស្រមោលកាត់បង្អួចកញ្ចក់ជះចូលដល់បន្ទប់ខាងក្នុង ខ្ញុំក៏បានដឹងខ្លួន។ អ្វីដែលខ្ញុំតែងតែធ្វើមុនគេ គឹអរគុណសម្រាប់ឱកាសថ្ងៃថ្មីចូលមកដល់ ខ្ញុំអរគុណចក្រវាលមួយនេះដែលផ្តល់ខ្យល់ដកដង្ហើម ពន្លឺថ្ងៃ ភាពស្រស់ស្រាយនៃពេលព្រឹក សម្លេងសត្វនិងធម្មជាតិនៅជុំវិញខ្លួនខ្ញុំ ជីវិតដែលរស់នៅបន្តជាមួយក្តីសង្ឍឹម (បើបើកភ្នែកឡើងមិនមានថ្ងៃថ្មី ក៏ក្តីសង្ឃឹមទាំងប៉ុន្មានក៏មិនអាចបន្តទៀតបានដែរ) ជាពិសេសគឺអរគុណយ៉ាងសម្រាប់គ្រប់យ៉ាងទាំងអស់ដែលបានចូលមកកាន់ជីវិតខ្ញុំ។ 


បន្ទាប់មកខ្ញុំក៏ក្រោកឡើងជាមួយនឹងស្នាមញញឹម ពេលនោះអារម្មណ៏ល្អក៏មានឡើងជាបន្តបន្ទាប់ អូខេថ្ងៃថ្មីរបស់ខ្ញុំក៏ត្រូវបានចាប់ផ្តើម។ ខ្ញុំបានរៀបចំកន្លែងរួចហើយ ក៏រៀបចំខោអាវទៅបន្ទប់ទឹក។ ងូតទឹករួច ក៏ចាប់រៀបចំបន្ទប់គេង និងរបស់របរដែលរញ៉េរញ៉ៃដាក់ទៅតាមកន្លែងដើមរបស់វាវិញ (គ្រប់របស់ដែលខ្ញុំចាប់កាន់និងប្រើប្រាស់ ខ្ញុំអរគុណពួកវានិងអ្នកដែលបង្កើតវាឡើង ប្រសិនបើគ្មានពួកវា ខ្ញុំគិតថា តើជីវិតរបស់ខ្ញុំនឹងពិបាកយ៉ាងណាទៅ?) អារម្មណ៏ល្អក៏កើតមានឡើងបន្ទាប់ពីមើលឃើញកន្លែងគេងនិងបន្ទប់ខ្លួនឯងមានរបៀបរៀបរយ។



គ្រាន់តែអូសម៉ូតូចេញពីបន្ទាប់ភ្លាម មានអារម្មណ៏ថាស្រស់ស្រាយណាស់ថ្ងៃនេះ ខ្ញុំដកដង្ហើមវែងៗ ដើម្បីស្រស់ស្រូបខ្យល់អាកាសនៃថ្ងៃថ្ងៃថ្មី។ ដៃចាប់ផ្តើមកាច់សោរម៉ូតូជាមួយនឹងភាពជឿជាក់លើខ្លួនឯង ជិះម៉ូតូរបស់ដល់ហាងជួសជុលម៉ូតូក៏ឈប់ចូលក្នុងគោលបំណង ធ្វើការផ្លាស់ប្តូរប្រេងរំអិលម៉ូតូ (ខ្ញុំស្រលាញ់ម៉ូតូខ្ញុំណាស់ ព្រោះវានាំខ្ញុំទៅគ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាពជានិច្ច ដូចនេះហើយខ្ញុំត្រូវតែចេះថែទាំវាខ្លះ ទើបបានមិនចឹង)។ នៅខាងមុខឈានខាងលិចនៃហាងគឺមានសួនផ្កាពណ៍លឿងដាំពីរជួរជុំវិញប្រឡាយទឹកនៅតាមដងផ្លូវជាតិ ខ្ញុំក៏មានអារម្មណ៏ល្អមួយរំពិច ដោយសារផ្កាពណ៍លឿងស្អាតជាមួយស្លឹកពណ៍បៃតងខ្លី ស្របពេលដែលផ្ទៃមេឃខៀវស្រលះ អមដោយអាកាសធាតុអំណោយផល។ ខណះពេលចាំជាងម៉ូតូ ប្តូរប្រេងទំរាំតែហើយ ខ្ញុំអាចគយគននិងចាប់យកពេលវេលាដ៏ល្អបែបនេះ ដោយមិនសំចៃនោះឡើយ ព្រោះមនុស្សខ្ញុំស្រលាញ់ធម្មជាតិនិងអ្វីដែលនៅជុំវិញខ្លួនឯងខ្លាំង។


ជិះកាត់តាមផ្លូវភ្លេចគិតថា ខ្លួនឯងមិនទាន់ញ៉ាំអាហារពេលព្រឹករួចនៅឡើយ ជិះម៉ូតូបម្រុងតែហួសរទេះលក់មីឆាទៅហើយ តែមានអីបកមកវិញដែរតើ ព្រោះខ្លាចអត់មានអីញ៉ាំ។ ស្រាប់តែដល់រទេះ សួរពូអ្នកលក់ចុះឡើងទើបដឹងថា គាត់ជាម៉ូយដែលខ្ញុំនិងប្អូនខ្ញុំធ្លាប់ទិញសោះ។ ការសន្ទនារវាងខ្ញុំ និងពូអ្នកលក់ក៏ចាប់និយាយពីនេះពីនោះ កំឡុងពេលគាត់កំពុងឆាលតឱ្យខ្ញុំ។ ខ្ញុំទទួលបានអារម្មណ៏ល្អៗពេលបានសន្ទនាជាមួយពូអ្នកលក់ ព្រោះគាត់ជាអ្នកដែលខ្ញុំកំពុងតាមរក ហើយគាត់ក៏លេចមកក្នុងថ្ងៃថ្មីរបស់ខ្ញុំ ស្របពេលខ្ញុំកំពុងត្រូវការអ្នកជំនួយផ្តល់អាហារពេលព្រឹកឱ្យមកខ្ញុំ។ ជាពិសេសខ្ញុំសរសើរដល់ទឹកចិត្តគាត់ណាស់ ដាក់ឆាលតកក្នុងប្រអប់ជ័រឡើងពេញហៀរជាមួយពងចៀនមួយគ្រាប់ គិតតម្លៃតែ៣០០០រៀលលុយខ្មែរ (ជូនពរឱ្យគាត់លក់កាន់តែដាច់ មានម៉ូយកាន់តែច្រើនឡើងៗ)។ អាហារព្រឹកដ៏សែនឆ្ងាយជាមួយបរិមាណដ៏ច្រើនថែមទៀត វាបានផ្តល់កម្លាំងដល់រាងកាយខ្ញុំយ៉ាងច្រើនសម្រាប់ចាប់ផ្តើមប្រើវាក្នុងពេលពេញមួយថ្ងៃ។


ពេលទៅដល់សាលារៀន ក៏ឈប់ម៉ូតូ ហើយញ៉ាំអាហារដែលបានទិញ យ៉ាងឆ្ងាញ់នៅលើបង់សាលា ដែលមានដើមឈើពណ៍បៃតងនៅជុំវិញ ធ្វើអោយខ្ញុំមានអារម្មណ៏ខ្លាំងមែនទែន។ រួចហើយក៏ឡើងកាំជណ្តើរទៅកាន់បន្ទប់រៀនសូត្រ។ គ្រាន់តែឈានជើងដល់បន្ទប់ភ្លាម សំណើចក្អាកក្អាយ ភាពសប្បាយរីករាយ និងស្នាមញញឹម មិនដឹងថាមកពីណាទេ ទាំងអ្នកគ្រូទាំងមិត្តរួមថ្នាក់ ទាំងអស់គ្នាពោរពេញដោយភាពពេញចិត្តចំពើថ្នាក់រៀនមួយនេះខ្លាំងណាស់។ ខ្ញុំទទួលបានសកម្មភាពសប្បាយយ៉ាងតាមថ្នាក់រៀននេះ ក្រៅពីអង្គុយស្តាប់អ្នកគ្រូបង្រៀន គឺមានការអនុវត្តផ្ទាល់ និងធ្វើការស្រាវជ្រាវដើម្បីធ្វើការបទបង្ហាញផងដែរ។ គ្រឿងគ្រៅដែលពិសេសជាងគេនៅក្នុងការសិក្សានេះ គឺមានរបស់ញ៉ាំរបស់ ពិព្រោះវគ្គសិក្សាខ្លីនេះគឺថាកែច្នៃរបស់ញ៉ាំ ចឹងហើយមិនខ្វះទេអីញ៉ាំនោះ។ អូខេ ការរៀននៅក្នុងថ្នាក់ជាច្រើនម៉ោងក៏បញ្ចប់ ខ្ញុំក៏ត្រូវត្រឡប់មកផ្ទះវិញដែរ។


រួចខ្លួនបានមួយពេលដែល មកដល់បន្ទប់ ប្អូនខ្ញុំបោកខោអាវខ្ញុំអស់រលីង នៅក្នុងចិត្តខ្ញុំពិតជាសប្បាយចិត្តពេកក្រៃ ព្រោះអីមិនចាំបាច់ ចំណាយពេលនៅក្នុងការបោកគក់។ ចឹងភ្លេចថាថ្ងៃនេះ ជាថ្ងៃខួបកំណើតប្អូនជីដូនរបស់ខ្ញុំ ចឹងខ្ញុំនិងប្អូនខ្ញុំ ក៏រៀបចំរបស់របរនិងឥវ់ាន់ដើម្បីទៅស្រុកកំណើត។




ពួកយើងក៏មកដល់ស្រុកកំណើតប្រកបដោយសុវត្ថិភាព និងការអរសប្បាយជាមួយគ្រួសារខ្ញុំ ព្រោះវត្តមានរបស់ពួកយើងបានបំពេញដល់សុភមង្គលដែលខ្វះមិនបាននៅក្នុងគ្រួសារ អ្វីដែលធ្វើឱ្យខ្ញុំរឹតតែអស្ចារ្យនឹកប្លែកក្នុងចិត្ត ព្រោះថាស្លានភាពនៅក្នុងផ្ទះគឺស្អាត មានរបៀបរៀបរយ តាំងពីមាត់ទ្វារផ្ទះ ដល់ផ្ទះបាយនិងបន្ទប់ទឹក បន្ថែមពីទទួលអារម្មណ៏ ខ្ញុំក៏បានអរគុណបងថ្លៃខ្ញុំនៅក្នុងចិត្តផងដែរសម្រាប់ការងារផ្ទះដែលគាត់បានធ្វើដើម្បីពួកយើងទាំងអស់គ្នា។ ស្រាប់តែមកដល់ផ្ទះមិនបាន ខ្ញុំមិនដឹងថាមានកម្លាំងជំរុញទឹកចិត្តមកពីណា បង្ខំឱ្យខ្ញុំធ្វើវីដេអូឃ្លីបដើម្បីទុកផុសក្នុង Facebook Page និង Youtube ។ ពេលនោះខ្ញុំបាននិយាយនៅក្នុងវីដេអូ ពោរពេញដោយថាមពលដ៏អស្ចារ្យ មិនដឹងថាបានទទួលមកពីណាទេ ដឹងតែថា និយាយដោយភាពជឿជាក់ និងភាពរស់រវើក។ ជាធម្មតាមនុស្សយើង ចំណាយពេលនៅក្នុងថ្នាក់រៀនតាំងពីព្រឹកដល់ល្ងាច រួចហើយគឺត្រូវចំណាយពេលជិះម៉ូតូប្រហែល១ម៉ោងទៅស្រុកទៀត ច្បាស់ណាស់បើមិនហត់អស់កម្លាំង ក៏ឃ្លានណាស់ដែរ តែសម្រាប់ខ្ញុំនៅក្នុងថ្ងៃនោះ តាមដែលខ្ញុំដឹង គឺមិនមានអារម្មណ៏ថាហត់នឿយ ឬធុញទ្រាំអ្វីបន្តិចនោះទេ តែមានភាពពេញចិត្តនូវអ្វីដែលខ្ញុំកំពុងតែធ្វើ។ ការប្រើប្រាស់ថាមពលដ៏អស្ចារ្យសម្រាប់ការបញ្ចេញទៅលើសកម្មភាពមួយថ្ងៃពេញនេះមិនទាន់ចប់នៅឡើយទេ។ 


ម៉ោងប្រហែល៦កន្លះ ខ្ញុំក៏រៀបចំខ្លួនទៅចូលរួមខួបកំណើតប្អូនជីដូនដែលបាននិយាយប្រាប់ខាងលើ។ សាកគិតទៅមើល ពេលដែលខ្ញុំទៅដល់ ស្នាមញញឹម ការទទួលដោយភាពរាក់ទាក់ ពីសំណាក់លោកយាយលោកតា អ៊ុំពូមីក ប្អូនៗខ្ញុំ ធ្វើឱ្យបានទទួលអារម្មណ៏ថាកក់ក្តៅ និងរំភើបណាស់ គ្មានអ្វីដែលថ្លឹងថ្លែងប្រៀបផ្ទឹមបានទេ នេះហើយជាចំលែកសុភមង្គលនៅក្នុងគ្រួសារធំរបស់ខ្ញុំនិងសមាជិកដទៃទៀត ទោះមិនសូវមានទ្រព្យសម្បត្តិដូចគេដូចឯង តែបើនិយាយពីការចែករំលែកនិងក្តីស្រលាញ់វិញ គ្រួសារធំរបស់ខ្ញុំជួយយកអាសារដល់គ្នាទៅវិញទៅមកណាស់ មិនថាមានណាឬបញ្ហាណាក៏ដោយ។ អ្វីដែលពិសេសបន្ទាប់ពីនោះ គឺថាមាននំបញ្ចុកជាមួយសម្លប្រហើរសាច់ត្រីខាប់ៗយ៉ាងឈ្ងុញឆ្ងាញ់ ផ្ទាប់ជាគ្រឿងអន្លក់បន្លែគ្រប់មុខស្រស់ៗបែបធម្មជាតិបានមកពីជុំវិញផ្ទះហ្នឹងអែង មានឆាក្តាមស្រែជូរអែមសំបូរទៅដោយខួរពណ៍លឿងខាប់ និងជ្រក់ជើងមាន់ត្រជាក់ៗស្រួយស្រឹបជាមួយគ្រឿងផ្សំគ្រប់មុខបែបហិរតិចជូរតិចផ្អែមតិច អូយហៀរទឹកមាត់ហើយខ្ញុំ មិនដឹងញ៉ាំមុខណាទុកមុខណាទេ អ៏ ភ្លាចថា មានភ្លារក្តាមសេះជាបន្លែគ្រប់ជារសជាតិរូបមន្តយ៉ាងពិសេស និងគ្រឿងម្ជូរគ្រប់ទើបយកចេញពីធុងក្លាសេរបស់មីង ឆ្ងាញ់ណាបងប្អូនអើយ។ ភាពសប្បាយរីករាយក៏កើតឡើងនៅក្នុងកម្មវិធី បន្ទាប់ពីកាត់នំនិងធ្វើការជូនកាដូររួចហើយមក គឺដល់ពេលកូរហើយ មានអីច្រើនទេក្រៅពីការជល់កែវ ស្រែកច្រៀងនិងរាំតាមចង្វាក់ភ្លេងនឹងឯង។ រាត្រីថ្ងៃចុងសប្តាហ៏របស់ខ្ញុំបានបញ្ចប់ដោយភាពសប្បាយភ្លេចអស់ទុក្ខកង្វល់និងបញ្ហាទាំងពួង។ នាវេលាម៉ោង ១១ យប់ កម្មវិធីក៏បានបិទបញ្ចប់ រួចក្រុមគ្រួសារខ្ញុំក៏ត្រឡប់ទៅផ្ទះរៀងៗខ្លួនផងដែរ។ ខ្ញុំរៀបចំងូត កន្លែងសម្រាប់គេង ហើយក៏បាននិយាយលេងជាមួយម៉ែពុក បង ប្អូន និងក្មួយខ្ញុំ ពួកយើងហាក់ពេញចិត្តនឹងស្ថានភាពនេះណាស់ ទោះជាភាសានិយាយជាក់ច្បាស់ តែក្នុងចិត្តយើងម្នាក់ប្រាប់យ៉ាងច្បាស់ថា យើងត្រូវការគ្នាទៅវិញទៅមកដើម្បីឱ្យចំណងគ្រួសារមួយនេះកាន់តែប្រសើរឡើងទ្វេដងឥតឧបមា លើសពីការពណ៍នា។


ជាទម្លាប់របស់ខ្ញុំ នារាត្រីចុងសប្តាហ៏ចឹង គឺខ្ញុំមានកាលវិភាគនៅក្នុងទស្សនារឿងតាមយូធូប ហើយសុទ្ធតែជារឿងដែលខ្ញុំកំពុងតាមដាន និងចូលចិត្តខ្លាំង។ បន្ទាប់ពីប្រាប់ក្មួយឱ្យចូលគេងមុន ខ្ញុំក៏បានមើលរឿងតាមរយះកញ្ចក់ទូរស័ព្ទរហូតដល់ម៉ោង១ភ្លឺ សាច់រឿងថ្ងៃនេះល្អមើលក្នុងការកំសាន្តណាស់ ធ្វើឱ្យខ្ញុំពេញហើយស្កប់ស្កល់នឹងស្នាដៃរបស់អ្នកនិពន្ធ ហើយក៏និយាយក្នុងចិត្តជារឿយប្រាប់ខ្លួនថា ជីវិតមានន័យណាស់ ហើយលួចញញឹមម្នាក់ឯងដូចមនុស្សវិកលចឹង ឱ្យតែពេញមើលសាច់រឿងត្រូវចិត្តបែបនេះគឺខ្ញុំសប្បាយតែម្តង ហើយក៏ចូលគេងដោយភាពររីករាយនឹងស្នាមញញឹមទាំងបិទភ្នែកដែរ។ ប៉ុន្តែថ្ងៃនេះចំឡែកណាស់ ខ្ញុំខំសំងំបិទភ្នែក តែរហូតដល់ម៉ោង២ហើយនៅតែមិនទាន់មានអារម្មណ៏នឿយឬក៏ងងុយគេងដែរ។ គិតក្នុងចិត្តថា បើមិនគេងដដែល ត្រូវធ្វើរឿងអ្វីម្យ៉ាងដែលមានប្រយោជន៏ បម្រុងយកុំព្យូទ័រដៃបើកមកធ្វើការងារបន្ត ស្រាប់នៅក្នុងចិត្តមួយក៏ប្រាប់ថា គួរតែថតសម្លេងខ្លួនឯងទុកចំពោះសកម្មភាពមួយថ្ងៃពេញនេះ ព្រោះថាវាចម្លែកខុសរាល់ដងដូចថ្ងៃដទៃ។ បន្ទាប់មក ខ្ញុំក៏សញ្ជឹងគិតថា តើហេតុអ្វីក៏វាចឹងថ្ងៃនេះ អីក៏ចម្លែកម្ល៉េះ? គិតសារចុះសារឡើង អូលាន់មាត់ ទើបសម្គាល់ឃើញថា មួយថ្ងៃពេញនេះ ខ្ញុំបានទទួលអារម្មណ៏ល្អបំផុតច្រើនដងណាស់ តាំងពីព្រលឹមមកដល់ពេលនេះ វាជាដើមចមដែលធ្វើឱ្យសតិអារម្មណ៏និងកម្លាំងចិត្តខាងក្នុងរបស់ខ្ញុំមានថាមពលជាងសព្វដង ហើយវាមានឥទ្ធិពលទៅលើរូបរាងកាយខ្ញុំ ចឹងថា បានជាមានអារម្មណ៏មិនហត់សោះ។


 កម្លាំងខួរក្បាលគឺពិតមានកម្លាំងមហាសាលណាស់ បើយើងប្រើវាត្រូវចំគោលដៅ នោះយើងប្រើវាមិនចេះអស់មិនចេះហត់នោះឡើយ កាន់តែប្រើ កាន់តែមានអារម្មណ៏សប្បាយស្កប់ចិត្តនឹងធ្វើអ្វីគ្រប់យ៉ាង ដោយការត្រេកអរ ជាមួយស្នាមញញឹមបង្កប់អត្ថន័យជីវិត។ បន្ទាប់ពីថតសម្លេងខ្លួនឯងទុករួចមក ក៏កាត់តជាវីដេអូឃ្លីបសម្រាប់ផុសក្នុងបណ្តាញសង្គមក្នុងគោលបំណងចែករំលែកបទពិសោធន៏ដ៏អស្ចារ្យមួយ ដើម្បីឱ្យមិត្តអ្នកអាន ចេះចាប់ផ្តើមរៀនកត់សម្គាល់និងត្រិះរិះពីសកម្មភាពប្រចាំថ្ងៃរបស់យើងម្នាក់ៗ ព្រោះគ្រប់យ៉ាងអ្វីដែលយើងគិត ធ្វើ និងទទួល សុទ្ធតែមានហេតុផលរបស់វា ព្រោះវាមានថាមពលអស្ចារ្យមួយ វាទាញស្រូបជានិច្ច។


សរុបមក មនុស្សយើងម្នាក់ៗ បើចង់ទទួលបានភាពអសា្ចរ្យអ្វីមួយឱ្យកើតមានឡើងនៅក្នុងជីវិតបាន គឺអាស្រ័យទៅខ្លួនយើង ជាអ្នកបង្កើតវាឡើង មានអារម្មណ៏ល្អជាមួយវា ពេញចិត្តនឹងវា ហើយត្រូវចេះកត់សម្គាល់ពីបាតុភូតទាំងអស់នោះ ជាប្រវត្ថិសាស្រ្តរបស់ខ្លួនឯង ដោយចាត់ទុកជាបទពិសោធន៏នៃជីវិត។ ជីវិតមួយនេះ មានរឿងរ៉ាវដែលពោរពេញទៅដោយអត្ថន័យណាស់ ឱ្យតែយើងប្រើវិធីសាស្ត្រទៅស្វែករកវាដោយត្រឹមត្រូវស្របជាមួយឆន្ទះយើងយល់ព្រមថា ស្កប់។



មើលវីដេអូ៖ 





No comments:

Post a Comment

Featured Post

ដំណើរជីវិតខ្ញុំ នាវ័យ២៥ឆ្នាំ

 ដំណើរជីវិតខ្ញុំ នាវ័យ២៥ឆ្នាំ ១. ការត្រៀមខ្លួនរួចស្រេច ការពិត​មនុស្សម្នាក់ៗ មុននឹងឈានឆ្លងថ្ងៃខួបកំណើត គ្រប់គ្នាបានគិតនិងត្រៀមជាមុនរួចហើយ ថាន...