Tuesday, October 13, 2020

អាចកាត់តវីដេអូតាមទូរស័ព្ទយ៉ាងងាយតាមរយះកម្មវិធីនេះ

 



មានកម្មវីធីកាត់តវីដេអូតាមទូរស័ព្ទដែលតាមទម្លាប់ ខ្ញុំចូលចិត្តប្រើ ហើយចង់ចែករំលែកដល់អ្នកទាំងអស់គ្នា គឺ

១. VN video creator

https://apps.apple.com/kh/app/vn-video-editor/id1343581380


ជាប្រភេទកម្មវិធីកាត់តវីដេអូ ដែលអាចឱ្យយើងប្រើប្រាស់បានដោយគ្មានគិតប្រាក់ ហើយមានមុខងារច្រើនយ៉ាង ដោយមិនជាប់ឡូហ្គោទេ មិនចាញ់កម្មវធីក្នុងកុំព្យូទ័រប៉ុន្មានឡើយខាងក្រោមក្នុងរូបនេះ ជាមុខងាររបស់វា











២. iMovie



https://apps.apple.com/kh/app/imovie/id377298193

ជាប្រភេទកម្មវិធីកាត់តវីដេអូ ដែលអាចឱ្យយើងប្រើប្រាស់បានដោយគ្មានគិតប្រាក់ ហើយមានមុខងារតិចជា VN video creator ដោយមិនជាប់ឡូហ្គោទេ មិនចាញ់កម្មវធីក្នុងកុំព្យូទ័រប៉ុន្មានឡើយខាងក្រោមក្នុងរូបនេះ ជាមុខងាររបស់វា







Monday, October 12, 2020

របៀបដែលអាចលើកទឹកចិត្តខ្លួនឯងអំពីការងារអ្វីមួយពីមួយថ្ងៃទៅមួយថ្ងៃក្នុងជីវិត





ប្រសិនបើអ្នកចង់សម្រេចនូវគោលបំណងរបស់អ្នក និងមិនចង់បោះបង់នៅកណ្តាលទី មានរឿងសំខាន់បំផុតមួយដែលត្រូវធ្វើ គឺការលើកទឹកចិត្តឬផ្តល់កម្លាំងចិត្តខ្លួន។ ការដែលលើកទឹកចិត្តខ្លួនឯងនឹងជួយអ្នកជំនះនូវភាពខ្ជិលច្រអូស ការបរាជ័យអ្វីមួយ និងជំនះភាពយឺតយ៉ាវ។ មនុស្សអាចជ្រើសរើសរបៀបលើកទឹកចិត្តរបស់ខ្លួន‌ឯងខុសគ្នា ខ្លះអាចលើកទឹកចិត្តតាមរយះការបរាជ័យពីអ្វីមួយ ឬអ្នកខ្លះលើកទឹកខ្លួនឯងតាមរយះបទពិសោធន៏កន្លងមក។ អញ្ចឹងសូមមើលនូវវីធីសាស្ត្រងាយៗ និងសាមញ្ញ ដើម្បីអនុវត្តនៅក្នុងលើកទឹកចិត្តខ្លួនឯង ដូចខាងក្រោម៖

១. ធ្វើអ្វីតាមបំណងប្រាថ្នា ឬហៅថាចំណង់នៃការចង់បានអ្វីមួយ

ចូរធ្វើនូវអ្វីដែលអ្នកស្រលាញ់ ហើយបញ្ចប់វានៅថ្ងៃនេះ ដោយមិនចាំបាច់នឹងទុកវានៅថ្ងៃក្រោយ ទៀត។ អ្នកនឹងប្រាកដជាធ្លាប់មានបទពិសោធន៏រួចមកហើយពីករណីបែបនេះ ដែលអ្នកបានធ្វើអ្វីមួយធ្វើឱ្យអ្នកសប្បាយចិត្ត។ ជាការពិតណាស់ មនុស្សយើងគ្រប់រូបធ្លាប់បានធ្វើរឿងកន្លងមកជាច្រើន ទាំងដែលខ្លួនមិនបានពេញចិត្តសោះ ហើយវាបែរជាធ្វើឱ្យមិនពេញចិត្តពេញមួយជីវិតជាមួយនឹងរឿងទាំងអស់ហ្នឹង។ ប្រសិនបើអ្នកមានការងារដែលត្រូវធ្វើមិនចប់ ហើយស្អប់វា នោះចូរបោះបង់ចោលឬចាកចេញពីឱ្យឆ្ងាយយ៉ាងរហ័សតាមដែលអាចធ្វើទៅបាន ហើយគួរតែស្វែងរកអ្វីដែលធ្វើឱ្យអ្នក ធ្វើការងារមួយនោះទទួលបានអារម្មណ៏សប្បាយរីករាយយា៉ងពិតប្រាកដ។ 


២. ទម្លាប់ ឬអាកប្បកិរិយា

ការបង្កើតសកម្មភាពជាប្រចាំ អាចជួយអ្នកសម្រេចនូវគោលបំណងជាច្រើនបាន ដូចជា ការក្រោកពីគេងនៅដដែលរាល់ព្រឹក មានកាលវិភាគធ្វើការច្បាស់លាស់និងជាក់លាក់រាល់ថ្ងៃ ហើយផ្សេងៗទៀតដែលអាចអនុវត្តបាន នើវានឹងជួយអ្នកក្លាយ ជាមនុស្សដែលមានការប្រុងប្រៀងចាត់ចែងបានល្អនិងមានផលិតភាពបានច្រើនជាងរាល់សព្វដង បើធៀបជាមួយពេលដែលអ្នកមិនដែលធ្លាប់បានធ្វើទាល់តែសោះ។



៣. ការផ្ចត់ផ្ចង់ ឬផ្តោតអារម្មណ៏

អ្នកអាចនឹងស្វែងរកនិងស្គាល់ខ្លួនឯងឃើញបាន ជាមួយនឹងការងារកាតកិច្ចជាច្រើនដែលអ្នកបាន ដាក់វានៅក្នុងបញ្ជីកិច្ចការរបស់អ្នក។ គួរព្យាយាមបញ្ចប់កិច្ចការអ្វីនៅពេលតែមួយដែលកំពុងតែប្រតិបត្តិ ការងារមួយចប់ត្រូវមានការងារមួយទៀតបន្ត តែត្រូវបញ្ចប់វា មិនមែនដោយទុកឱ្យមានការងារជាច្រើនធ្វើក្នុងពេលតែ រួចហើយតែពាក់កណ្តាលក្នុងមួយថ្ងៃនោះឡើយ ព្រោះវាជាទម្លាប់មិនល្អទាល់តែសោះ។ ការដែលមាននិងកំពុងការងារមួយក្នុងពេលមួយ ហើយផ្តោតអារម្មណ៏យ៉ាងពេញទំហឹងទៅលើវា។ កុំផ្លាស់ប្តូរអារម្មណ៏ផ្តោតទៅលើអ្វីផ្សេងមួយទៀត ដរាបរាបអ្នកមិនទាន់បញ្ចប់ការងារដំបូងគេបានហើយចប់សព្វគ្រប់នោះ។ អាចធ្វើការសម្រាកយកកម្លាំងបន្តិចសិនបាន ប្រសិនបើមានអារម្មណ៏ថាលែងទោមុខឬក៏ធុញនឹងវា តែត្រូវត្រឡប់អារម្មណ៏មកលើការងារដដែលនោះម្តងទៀត ជៀសវាងអ្វីផ្សេងក្រៅពីហ្នឹង។ ប្រសិនបើអ្នកគិតលើនេះបន្តិចលើនោះបន្តិច អ្នកនឹងប្រើសតិអារម្មណ៏របស់អ្នកយ៉ាងច្រើនដោយគ្មានទួលបានផលិតភាពនោះឡើយ។ ករណីប្រសិនបើមានការងារជាច្រើនត្រូវបន្ទាន់ក្នុងពេលតែមួយ នោះអ្នកអាចធ្វើការចាត់ថ្នាក់ការងារទាំងអស់នោះជាមុនសិន ថាតើការងារមួយណាត្រូវប្រញាប់ខ្លាំងហើយសំខាន់បំផុតជាអាទិភាពជាងគេបន្តបន្ទាប់ រហូតដល់ការងារណាដែលប្រញាប់ដែលតែមិនសូវសំខាន់អាចបង្ហើយក្រោយគេបាន។ ចូរផ្តោតតែទៅល់ការងារមួយៗនោះ ដូចដែលបានរៀបរាប់នោះ នោះលទ្ទផលដែលទទួលនឹងមានទាំងផលិតភាព និងគុណភាពថែមទៀត។ 

៤. ត្រូវចេះក្រើនរំលឹកខ្លួនឯងថា ការងារដែលស្ងិតក្នុងដៃគឺសំខាន់ណាស់

តើអ្វី វានឹងជួយឱ្យសម្រេចទៅតាមគោលដៅ? តើមានមធ្យោបាយណាមួយល្អប្រសើរទេ ក្នុងការធ្វើវា? បើអ្នកអាចឆ្លើយនឹងសំនួរទាំងនេះបាន វានឹងជួយធ្វើឱ្យអ្នក កាត់បន្ងយនូវភាពសង្ស័យស្ទាក់ស្ទើរ និងគិតបានច្បាស់លាស់។ វានឹងកាន់តែងាយជាងក្នុងការអនុវត្តតាម ហើយក្នុងការបញ្ចប់គម្រោងឬកាតព្វកិច្ចមួយ។



ប្រសិនបើអ្នកបានកំណត់ខ្លួនឯង ត្រូវធ្វើការសម្រេចនូវគោលបំណងអ្វីមួយ គឺត្រូវទាញប៊ិច ក្រដាស ហើយសរសេរចូលនូវហេតុផលជាអ្វី ដែលអ្នកចង់ធ្វើវា។ ចំណាយរយះពេល៥នាទី ក្នុងការសញ្ជឹងគិត ថាតើវាមានឥទ្ថិពលអ្វីនៅក្នុងជីវិតរបស់អ្នក ប្រសិនបើធ្វើវាឡើង? បើមានគោលបំណងជាច្រើន អាចសរសេរចូលរៀបជាបញ្ជី រួចហើយគោលបំណងមួយណាដែលចង់សម្រេចឬចង់បានមុនគេ រួចចូរអនុវត្ត និងតែងតែបើកមើលនូវក្រដាសគោលបំណងឡើងវិញ ដើម្បីឱ្យយើងអាចរក្សានិងបន្តសកម្មភាពជាជាក់លាក់និងប្រចាំបាន។ 

៥. ចូរធ្វើវា ទោះបីចំណាយពេលតែ៥នាទីក៏ដោយ

ប្រសិនបើអ្នកជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សជាច្រើនដែលគិតថា ការងារមួយនោះគឹវាស្រួលក្នុងធ្វើទៅរួច ហើយខ្ជិលធ្វើវាឥឡូវ អ្វីដែលល្អបំផុតគឺ ត្រូវតែចាប់ផ្តើមវាឥឡូវនេះតែម្តង។ ត្រូវតែប្រាប់ខ្លួនឯងថា អ្នកត្រូវបញ្ចប់វាក្នុងរយះពេលតែ៥នាទីតែប៉ុណ្ណោះ។ កាលណាដែលអ្នកចាប់ផ្តើមធ្វើ នោះភាពស្រួលចេះតែបន្តកើតមានឡើងដែរ ព្រោះអ្នកមិនបានទុកការងារណាមួយឱ្យនៅទំនេរឬសល់នោះឡើយ។ 



ទាំងនោះគឺជាវិធីសាស្ត្រងាយស្រួលទាំង៥យ៉ាង ដែលអ្នកអាចប្រាប់វាបានជាប្រចាំ ទោះវាមើលទៅតូចតាចមិនសូវសំខាន់ តែវាជាមូលដ្ឋានគ្រឹះក្នុងចូលរួមចំណែកឱ្យកិច្ចការទាំងឡាយរបស់អ្នកសម្រចបានទៅយ៉ាងរលូន ហើយមានផលិតភាពនិងលទ្ធផលថែមទៀតផង ។ 

Thursday, October 8, 2020

អត្ថប្រយោជន័នៃការអានសៀវភៅ

 



 តើមនុស្សទទួលបានអ្វីខ្លះពីការអានសៀវភៅ? តើវាគ្រាន់តែទទួលបានការរីករាយកំសាន្តឬមានអត្ថប្រយោជន៍ច្រើនជាងការរីករាយ?  ចម្លើយបែបវិទ្យាសាស្ត្រគឺ មានច្រើនជាងនេះទៅទៀត។
 
១. ការរីកចម្រើនផ្នែកខួរក្បាលកាន់តែខ្លាំង
ការអានសៀវភៅមានប្រយោជន៍ទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកហើយអត្ថប្រយោជន៍ទាំងនោះអាចមានអាយុកាលមួយជីវិត។  ពួកគេចាប់ផ្តើមតាំងពីកុមារភាពនិងបន្តរហូតដល់ឆ្នាំចាស់។  នេះគឺជាការពន្យល់ខ្លីៗអំពីវិធីអានសៀវភៅអាចផ្លាស់ប្តូរខួរក្បាលរបស់អ្នកនិងរាងកាយរបស់អ្នកអោយកាន់តែប្រសើរឡើង។ការរីកចម្រើននៃការស្រាវជ្រាវបង្ហាញថាការអានពិតជាផ្លាស់ប្តូរគំនិតរបស់អ្នក។

 នៅក្នុងប្រភពស្រាវជ្រាវមួយដែលបានធ្វើឡើងក្នុងឆ្នាំ ២០១៣ អ្នកស្រាវជ្រាវបានប្រើប្រាស់ការស្កេន MRI ដែលមានមុខងារដើម្បីវាស់ពីអានុភាពនៅលើខួរក្បាល។  អ្នកចូលរួមសិក្សាអានប្រលោមលោក“ Pompeii” ក្នុងរយៈពេល ៩ ថ្ងៃ។  នៅពេលភាពតានតឹងត្រូវបានបង្កើតឡើងនៅក្នុងសាច់រឿងតំបន់ខួរក្បាលកាន់តែច្រើនឡើង ៗ មានសកម្មភាព។ ការស្កេនខួរក្បាលបានបង្ហាញថាពេញមួយរយៈនៃការអាននិងច្រើនថ្ងៃក្រោយមកការភ្ជាប់ខួរក្បាលបានកើនឡើងជាពិសេសនៅផ្នែកសសៃប្រសាទផ្នែកនៃខួរក្បាលដែលឆ្លើយតបនឹងអារម្មណ៍រាងកាយដូចជាចលនានិងការឈឺចាប់។

២. បង្កើនការយល់ចិត្ត
មនុស្សដែលអានរឿងបែបប្រលោមលោក  តាមរយះរឿងពួកគេយល់ពីធាតុពិរបស់តួអង្គជាហេតុធ្វើអោយមានសមត្ថភាពយល់ និងជឿលើអារម្មណ៏អ្នកដទៃបានយ៉ាងឆាប់រហ័ស។ បែបនេះគេហៅថា ទ្រឹស្តីនៃអារម្មណ៏ អ្នកស្រាវជ្រាវបានពន្យល់ថា កាលណាអ្នកអានរឿងប្រលោមកាន់តែយូរទៅៗ សមត្ថភាពទ្រឹស្តីនៃអារម្មណ៏របស់អ្នកកាន់តែអភិវឌ្ឍន៍ប្រសើរឡើងៗ

៣. ស្គាល់វាក្យស័ព្ទបានច្រើន

កាលណាអ្នកអានសៀវភៅជារៀយៗ ក្លាយជាទម្លាប់ វាជួយធ្វើឱ្យអ្នកមានការអភិវឌ្ឍន៏យ៉ាងខ្លាំងទៅលើការស្គាល់ពាក្យដ៏ច្រើន ព្រោះថា ការអានសៀវភៅជួយធ្វើឱ្យអ្នកជួបពាក្យថ្មីៗច្រើន និងអាចឆាប់យល់អត្ថន័យនៅក្នុងអត្ថបទ ដែលអ្នកបានអានយ៉ាងលឿនផងដែរ។


៤. ជួយពង្រឹងចំណេះដឹងកាន់តែប្រសើរឡើង
វិទ្យាស្ថាន National Institute on Aging បានប្រាប់ថា កាលណាអ្នកអានសៀវភៅឬទស្សនាវដ្តីច្រើន ជួយធ្វើឱ្យមានការអភិវឌ្ឍន៏គោលគំនិតផ្ទាល់ខ្លួន នឹងជួយរក្សា និងបង្កើនការយល់ដឹងបានកាន់តែទូលំទូលាយ។ ជាពិសេសអ្នកនឹងក្លាយជាមនុស្សមានសតិបញ្ញា ការគិតពិចារណា និងចំណេះដឹងខ្ពស់ថែមទៀតផង។

៥. កាត់បន្ថយស្ត្រេស
អ្នកវិទ្យាសាស្ត្របាននិយាយថា ការអានសៀវភៅ គឹមានប្រសិទ្ធភាពកាត់បន្ថយស្ត្រេស ដូចជាការហាត់យ៉ូកានិងលេងកីឡាអញ្ចឹងដែរ។ ពេលអានសៀវភៅ ៣០នាទីឡើងធ្វើឱ្យសម្ពាធឈាម ចង្វាក់បេះដូង និងភាពតានតឹង។ 

៦. ជួយជំរុញការគេងលក់ស្រួល
គ្រូពេទ្យគ្លីនិកមួយ បានពន្យល់បកស្រាយថា ការអានសៀវភៅមុនពេលចូលគេង ជាចំឡែកមួយធ្វើឱ្យគុណភាពនៃការគេងល្អ ធ្វើឱ្យយើងគេងលក់ស្កប់ស្កល់ ហើយមានអារម្មណ៏មូលនិងល្អៗថែមទៀត។ យល់ល្អ គួរអានសៀវភៅជាក្រដាសដែលបានព្រីនចេញ។ ហាមអានសៀវភៅតាមរយះឧបការណ៏អេឡិចត្រូនិច ព្រោះវាធ្វើឱ្យយើងបែរជាមិនងងុយគេងទៅវិញ ដោយសារតែពន្លឺអេក្រង់របស់ឧបករណ៏ទាំងនោះ មានឥទ្ធិពលទៅលើភ្នែក។ 

៧. ជួយទប់ស្កាត់ការកើតជម្ងឺបាក់ទឹកចិត្ត
អ្នកមានជម្ងឺបាក់ទឹកចិត្តជាធម្មតា មានអារម្មណ៏ថា ខ្លួនឯងមិនបានការ គ្មានតម្លៃ សុខចិត្តព្យាយាមនៅតែម្នាក់ៗឯង មានអារម្មណ៏ឯកា គ្មានគំនិតយោបល់ក្នុងការគិតអ្វីទៀតឡើយ ប្រៀបដូចជាពិភពលោកមួយនេះងងឹតសូន្យសុងនៅមុខកែវភ្នែករបស់គេអញ្ចឹង។ 
ក៏ប៉ុន្តែ តែពេលណាអ្នកចាប់កាន់អានសៀវភៅ វាហាក់បីដូចជា មានមនុស្សម្នាក់ចាំ លើកទឹកចិត្ត ប្រឹក្សាយោបល់ ផ្តល់កម្លាំងចិត្ត ជំរុញគំនិត កំសាន្តអារម្មណ៏ បំភ្លឺផ្លូវចិត្តនិងគំនិត នៅជិតអ្នកបង្កើយ។ ជាពិសេស សៀវភៅដូចជា តួអង្គមួយ ដែលចាំស្តាប់ទំហំចិត្តរបស់អ្នក វាសើចសប្បាយជាមួយអ្នក វាដើរទៅមុខបោះជំហ៊ានជាមួយអ្នកគ្រប់ទីកន្លែង។ មានសៀវភៅអាន ដូចជាមានមិត្តភក្តិជិតស្និទ្ធបំផុតម្នាក់អញ្ចឹងដែរ ព្រោះវានឹងផ្តល់គំនិតល្ៗដល់អ្នក ជាពិសេសធ្វើឱ្យអ្នកក្លាយជាមនុស្សរឹងមាំ និងជឿជាក់លើខ្លួនឯងផងដែរ។ 
 
៨. អាចនឹងជួយឱ្យអ្នកមានអាយុវែង
តាមការសិក្សាបានបង្ហាញថា ការអានសៀវភៅជាច្រើនឆ្នាំ ចាប់ពី១២ឆ្នាំអាចកើនអាយុ២ឆ្នាំថែមទៀត ព្រោះបើកាណណាអានសៀវភៅបានច្រើន យើងមានចំណេះដឹង ជីវិតរបស់ខ្លួនឯងគឺស្ថិតនៅក្នុងគ្រប់គ្រងផ្ទាល់ខ្លួនឯងបានទាំងផ្លូវចិត្តនិងផ្លូវកាយ។ យើងអាចជាប្រភេទមនុស្សដែលតែងតែស្កប់ចិត្ត និងរីករាយជាមូយអ្វីដែលកំពុងមាននៅក្នុងជីវិត។ កាលណាសប្បាយច្រើន អាយុក៏តែកាន់តែកើនទៅតាមដែរ។ 



មើលវីដេអូ៖



វិធីធ្វើម្ទេសក្រៀមនៅផ្ទះដោយខ្លួនឯង ងាយស្រួលនិងចំណាយពេលខ្លីទៀត


តោះមកធ្វើម្ទេសក្រៀមដោយខ្លួនឯងទាំងអស់គ្នានៅផ្ទះ ដោយមិនចាំបាច់ទីញនៅឯផ្សារ ទាំងព្រួយបារម្ភខ្លាចថា គេដាក់សារធាតុគីមីទុកឱ្យបានយូរឬក៏គេមានលាយអ្វីបន្ថែម


ខាងក្រោមនេះជាវិធីខ្លីៗ ងាយស្រួលមែនទែនសម្រាប់បងប្អូនដែលកែច្នៃម្ទេសក្រៀមដោយខ្លួនឯងផ្ទាល់ ៖

១. ទិញម្ទេសស្រស់មកពីផ្សារ ចូរជ្រើសរើសយកម្ទេសដែលាមានពណ៍ក្រហមទុំស្មើគ្នា ហើយយកម្ទេសដែលល្អៗ







២. ធ្វើការលាងទឹកសម្អាតពី ២ ទៅ៣ ដង ដើម្បីលាងជម្រះដី ភាពកង្វក់ កំទេចកំទីជាដើម

៣. ដាក់ស្រស់ទឹក រួចកាច់យកទងម្ទេសចេញ 

៤. ដាក់ម្ទេសទាំងមូល ឬពុះជាពីរ សំងួតក្នុង Dehydrator ។ ចំពោះសីតុណ្ហភាព និងរយះពេល គឺអាចកំណត់បានដោយខ្លួនឯង តាមការចង់យូរឬឆាប់ តែអាចមើលជាក់ស្តែង ខណះពេលសំងួត បើស្ងួតដូចអ្វីដែលចង់បានហើយ យកចេញមកក្រៅបាន




៥. ម្ទេសក្រៀមដែលយកចេញពីឧបករណ៏សំងួត អាចទុកអោយត្រជាក់ល្មម រួចហើយច្រកទុកក្នុងចង់កិបមាត់ឬកែវថ្មក៏បាន។


សូមមើលវីដេអូ៖ 






Wednesday, October 7, 2020

ការទទួលថាមពលដ៏អស្ចារ្យ


តើថាមពលដ៏អស្ចារ្យជាអ្វី? ហេតុអ្វីមានមនុស្សជាច្រើនទទួលបានវា? តាមរបៀបណា? តើប្រើវាយ៉ាងមិច? នរណាជាអ្នកផ្តល់ឱ្យវា?




ថ្ងៃនេះខ្ញុំមានទីបន្ទាល់អំពីខ្លួនឯងចង់ប្រាប់ប្រិយមិត្តអ្នកអាន ឱ្យបានដឹងថា អារម្មណ៏មួយដែលទទួលបានថា មានថាមពលអស្ចារ្យនៅក្នុងខ្លួន វាគឺជាបទពិសោធន៏ច្រើនដងណាស់មកហើយសម្រាប់ខ្ញុំ គ្រាន់តែថាយើងរាល់គ្នាមិនសូវចេះចាប់អារម្មណ៏និងយកចិត្តទុកដាក់ទៅលើវាតែប៉ុណ្ណោះឯង។ អូខេ! តាមដំណើរដើមហេតុ ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តអានសៀវវភៅចង់ដឹងចង់លឺ ទាក់ទងទៅនឹងវិទ្យាសាស្ត្រ ជំនឿ ការកំសាន្ត ។ល។ ខ្ញុំចាំបានថាកាលពី២ឆ្នាំមុននោះ ខ្ញុំបានទិញសៀវភៅដែលមនុស្សគ្រប់គ្នាប្រហែលជាស្គាល់ហើយមើលទៅ គឺសៀវភៅ The Mega Secret, The Magic, The Secret។ បន្ទាប់ពីបានអានសៀវភៅទាំងបីក្បាលនេះរួចមក ខ្ញុំយកទ្រឹស្តីដែលអ្នកនិពន្ទនិយាយ មកកត់ចំណាំសកម្មភាពរស់នៅ និងការគិតរបស់ខ្លួនឯងជាប្រចាំ អ្វីដែលអាចធ្វើតាមសៀវភៅខ្ញុំក៏ធ្វើ អ្វីដែលមិនអាចធ្វើបានខ្ញុំក៏មិនចាប់អារម្មណ៏នឹងគិតដែរ។


០៣ តុលា ២០២០ ពន្លឺព្រះអាទិត្យក៏ចាំងស្រមោលកាត់បង្អួចកញ្ចក់ជះចូលដល់បន្ទប់ខាងក្នុង ខ្ញុំក៏បានដឹងខ្លួន។ អ្វីដែលខ្ញុំតែងតែធ្វើមុនគេ គឹអរគុណសម្រាប់ឱកាសថ្ងៃថ្មីចូលមកដល់ ខ្ញុំអរគុណចក្រវាលមួយនេះដែលផ្តល់ខ្យល់ដកដង្ហើម ពន្លឺថ្ងៃ ភាពស្រស់ស្រាយនៃពេលព្រឹក សម្លេងសត្វនិងធម្មជាតិនៅជុំវិញខ្លួនខ្ញុំ ជីវិតដែលរស់នៅបន្តជាមួយក្តីសង្ឍឹម (បើបើកភ្នែកឡើងមិនមានថ្ងៃថ្មី ក៏ក្តីសង្ឃឹមទាំងប៉ុន្មានក៏មិនអាចបន្តទៀតបានដែរ) ជាពិសេសគឺអរគុណយ៉ាងសម្រាប់គ្រប់យ៉ាងទាំងអស់ដែលបានចូលមកកាន់ជីវិតខ្ញុំ។ 


បន្ទាប់មកខ្ញុំក៏ក្រោកឡើងជាមួយនឹងស្នាមញញឹម ពេលនោះអារម្មណ៏ល្អក៏មានឡើងជាបន្តបន្ទាប់ អូខេថ្ងៃថ្មីរបស់ខ្ញុំក៏ត្រូវបានចាប់ផ្តើម។ ខ្ញុំបានរៀបចំកន្លែងរួចហើយ ក៏រៀបចំខោអាវទៅបន្ទប់ទឹក។ ងូតទឹករួច ក៏ចាប់រៀបចំបន្ទប់គេង និងរបស់របរដែលរញ៉េរញ៉ៃដាក់ទៅតាមកន្លែងដើមរបស់វាវិញ (គ្រប់របស់ដែលខ្ញុំចាប់កាន់និងប្រើប្រាស់ ខ្ញុំអរគុណពួកវានិងអ្នកដែលបង្កើតវាឡើង ប្រសិនបើគ្មានពួកវា ខ្ញុំគិតថា តើជីវិតរបស់ខ្ញុំនឹងពិបាកយ៉ាងណាទៅ?) អារម្មណ៏ល្អក៏កើតមានឡើងបន្ទាប់ពីមើលឃើញកន្លែងគេងនិងបន្ទប់ខ្លួនឯងមានរបៀបរៀបរយ។



គ្រាន់តែអូសម៉ូតូចេញពីបន្ទាប់ភ្លាម មានអារម្មណ៏ថាស្រស់ស្រាយណាស់ថ្ងៃនេះ ខ្ញុំដកដង្ហើមវែងៗ ដើម្បីស្រស់ស្រូបខ្យល់អាកាសនៃថ្ងៃថ្ងៃថ្មី។ ដៃចាប់ផ្តើមកាច់សោរម៉ូតូជាមួយនឹងភាពជឿជាក់លើខ្លួនឯង ជិះម៉ូតូរបស់ដល់ហាងជួសជុលម៉ូតូក៏ឈប់ចូលក្នុងគោលបំណង ធ្វើការផ្លាស់ប្តូរប្រេងរំអិលម៉ូតូ (ខ្ញុំស្រលាញ់ម៉ូតូខ្ញុំណាស់ ព្រោះវានាំខ្ញុំទៅគ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាពជានិច្ច ដូចនេះហើយខ្ញុំត្រូវតែចេះថែទាំវាខ្លះ ទើបបានមិនចឹង)។ នៅខាងមុខឈានខាងលិចនៃហាងគឺមានសួនផ្កាពណ៍លឿងដាំពីរជួរជុំវិញប្រឡាយទឹកនៅតាមដងផ្លូវជាតិ ខ្ញុំក៏មានអារម្មណ៏ល្អមួយរំពិច ដោយសារផ្កាពណ៍លឿងស្អាតជាមួយស្លឹកពណ៍បៃតងខ្លី ស្របពេលដែលផ្ទៃមេឃខៀវស្រលះ អមដោយអាកាសធាតុអំណោយផល។ ខណះពេលចាំជាងម៉ូតូ ប្តូរប្រេងទំរាំតែហើយ ខ្ញុំអាចគយគននិងចាប់យកពេលវេលាដ៏ល្អបែបនេះ ដោយមិនសំចៃនោះឡើយ ព្រោះមនុស្សខ្ញុំស្រលាញ់ធម្មជាតិនិងអ្វីដែលនៅជុំវិញខ្លួនឯងខ្លាំង។


ជិះកាត់តាមផ្លូវភ្លេចគិតថា ខ្លួនឯងមិនទាន់ញ៉ាំអាហារពេលព្រឹករួចនៅឡើយ ជិះម៉ូតូបម្រុងតែហួសរទេះលក់មីឆាទៅហើយ តែមានអីបកមកវិញដែរតើ ព្រោះខ្លាចអត់មានអីញ៉ាំ។ ស្រាប់តែដល់រទេះ សួរពូអ្នកលក់ចុះឡើងទើបដឹងថា គាត់ជាម៉ូយដែលខ្ញុំនិងប្អូនខ្ញុំធ្លាប់ទិញសោះ។ ការសន្ទនារវាងខ្ញុំ និងពូអ្នកលក់ក៏ចាប់និយាយពីនេះពីនោះ កំឡុងពេលគាត់កំពុងឆាលតឱ្យខ្ញុំ។ ខ្ញុំទទួលបានអារម្មណ៏ល្អៗពេលបានសន្ទនាជាមួយពូអ្នកលក់ ព្រោះគាត់ជាអ្នកដែលខ្ញុំកំពុងតាមរក ហើយគាត់ក៏លេចមកក្នុងថ្ងៃថ្មីរបស់ខ្ញុំ ស្របពេលខ្ញុំកំពុងត្រូវការអ្នកជំនួយផ្តល់អាហារពេលព្រឹកឱ្យមកខ្ញុំ។ ជាពិសេសខ្ញុំសរសើរដល់ទឹកចិត្តគាត់ណាស់ ដាក់ឆាលតកក្នុងប្រអប់ជ័រឡើងពេញហៀរជាមួយពងចៀនមួយគ្រាប់ គិតតម្លៃតែ៣០០០រៀលលុយខ្មែរ (ជូនពរឱ្យគាត់លក់កាន់តែដាច់ មានម៉ូយកាន់តែច្រើនឡើងៗ)។ អាហារព្រឹកដ៏សែនឆ្ងាយជាមួយបរិមាណដ៏ច្រើនថែមទៀត វាបានផ្តល់កម្លាំងដល់រាងកាយខ្ញុំយ៉ាងច្រើនសម្រាប់ចាប់ផ្តើមប្រើវាក្នុងពេលពេញមួយថ្ងៃ។


ពេលទៅដល់សាលារៀន ក៏ឈប់ម៉ូតូ ហើយញ៉ាំអាហារដែលបានទិញ យ៉ាងឆ្ងាញ់នៅលើបង់សាលា ដែលមានដើមឈើពណ៍បៃតងនៅជុំវិញ ធ្វើអោយខ្ញុំមានអារម្មណ៏ខ្លាំងមែនទែន។ រួចហើយក៏ឡើងកាំជណ្តើរទៅកាន់បន្ទប់រៀនសូត្រ។ គ្រាន់តែឈានជើងដល់បន្ទប់ភ្លាម សំណើចក្អាកក្អាយ ភាពសប្បាយរីករាយ និងស្នាមញញឹម មិនដឹងថាមកពីណាទេ ទាំងអ្នកគ្រូទាំងមិត្តរួមថ្នាក់ ទាំងអស់គ្នាពោរពេញដោយភាពពេញចិត្តចំពើថ្នាក់រៀនមួយនេះខ្លាំងណាស់។ ខ្ញុំទទួលបានសកម្មភាពសប្បាយយ៉ាងតាមថ្នាក់រៀននេះ ក្រៅពីអង្គុយស្តាប់អ្នកគ្រូបង្រៀន គឺមានការអនុវត្តផ្ទាល់ និងធ្វើការស្រាវជ្រាវដើម្បីធ្វើការបទបង្ហាញផងដែរ។ គ្រឿងគ្រៅដែលពិសេសជាងគេនៅក្នុងការសិក្សានេះ គឺមានរបស់ញ៉ាំរបស់ ពិព្រោះវគ្គសិក្សាខ្លីនេះគឺថាកែច្នៃរបស់ញ៉ាំ ចឹងហើយមិនខ្វះទេអីញ៉ាំនោះ។ អូខេ ការរៀននៅក្នុងថ្នាក់ជាច្រើនម៉ោងក៏បញ្ចប់ ខ្ញុំក៏ត្រូវត្រឡប់មកផ្ទះវិញដែរ។


រួចខ្លួនបានមួយពេលដែល មកដល់បន្ទប់ ប្អូនខ្ញុំបោកខោអាវខ្ញុំអស់រលីង នៅក្នុងចិត្តខ្ញុំពិតជាសប្បាយចិត្តពេកក្រៃ ព្រោះអីមិនចាំបាច់ ចំណាយពេលនៅក្នុងការបោកគក់។ ចឹងភ្លេចថាថ្ងៃនេះ ជាថ្ងៃខួបកំណើតប្អូនជីដូនរបស់ខ្ញុំ ចឹងខ្ញុំនិងប្អូនខ្ញុំ ក៏រៀបចំរបស់របរនិងឥវ់ាន់ដើម្បីទៅស្រុកកំណើត។




ពួកយើងក៏មកដល់ស្រុកកំណើតប្រកបដោយសុវត្ថិភាព និងការអរសប្បាយជាមួយគ្រួសារខ្ញុំ ព្រោះវត្តមានរបស់ពួកយើងបានបំពេញដល់សុភមង្គលដែលខ្វះមិនបាននៅក្នុងគ្រួសារ អ្វីដែលធ្វើឱ្យខ្ញុំរឹតតែអស្ចារ្យនឹកប្លែកក្នុងចិត្ត ព្រោះថាស្លានភាពនៅក្នុងផ្ទះគឺស្អាត មានរបៀបរៀបរយ តាំងពីមាត់ទ្វារផ្ទះ ដល់ផ្ទះបាយនិងបន្ទប់ទឹក បន្ថែមពីទទួលអារម្មណ៏ ខ្ញុំក៏បានអរគុណបងថ្លៃខ្ញុំនៅក្នុងចិត្តផងដែរសម្រាប់ការងារផ្ទះដែលគាត់បានធ្វើដើម្បីពួកយើងទាំងអស់គ្នា។ ស្រាប់តែមកដល់ផ្ទះមិនបាន ខ្ញុំមិនដឹងថាមានកម្លាំងជំរុញទឹកចិត្តមកពីណា បង្ខំឱ្យខ្ញុំធ្វើវីដេអូឃ្លីបដើម្បីទុកផុសក្នុង Facebook Page និង Youtube ។ ពេលនោះខ្ញុំបាននិយាយនៅក្នុងវីដេអូ ពោរពេញដោយថាមពលដ៏អស្ចារ្យ មិនដឹងថាបានទទួលមកពីណាទេ ដឹងតែថា និយាយដោយភាពជឿជាក់ និងភាពរស់រវើក។ ជាធម្មតាមនុស្សយើង ចំណាយពេលនៅក្នុងថ្នាក់រៀនតាំងពីព្រឹកដល់ល្ងាច រួចហើយគឺត្រូវចំណាយពេលជិះម៉ូតូប្រហែល១ម៉ោងទៅស្រុកទៀត ច្បាស់ណាស់បើមិនហត់អស់កម្លាំង ក៏ឃ្លានណាស់ដែរ តែសម្រាប់ខ្ញុំនៅក្នុងថ្ងៃនោះ តាមដែលខ្ញុំដឹង គឺមិនមានអារម្មណ៏ថាហត់នឿយ ឬធុញទ្រាំអ្វីបន្តិចនោះទេ តែមានភាពពេញចិត្តនូវអ្វីដែលខ្ញុំកំពុងតែធ្វើ។ ការប្រើប្រាស់ថាមពលដ៏អស្ចារ្យសម្រាប់ការបញ្ចេញទៅលើសកម្មភាពមួយថ្ងៃពេញនេះមិនទាន់ចប់នៅឡើយទេ។ 


ម៉ោងប្រហែល៦កន្លះ ខ្ញុំក៏រៀបចំខ្លួនទៅចូលរួមខួបកំណើតប្អូនជីដូនដែលបាននិយាយប្រាប់ខាងលើ។ សាកគិតទៅមើល ពេលដែលខ្ញុំទៅដល់ ស្នាមញញឹម ការទទួលដោយភាពរាក់ទាក់ ពីសំណាក់លោកយាយលោកតា អ៊ុំពូមីក ប្អូនៗខ្ញុំ ធ្វើឱ្យបានទទួលអារម្មណ៏ថាកក់ក្តៅ និងរំភើបណាស់ គ្មានអ្វីដែលថ្លឹងថ្លែងប្រៀបផ្ទឹមបានទេ នេះហើយជាចំលែកសុភមង្គលនៅក្នុងគ្រួសារធំរបស់ខ្ញុំនិងសមាជិកដទៃទៀត ទោះមិនសូវមានទ្រព្យសម្បត្តិដូចគេដូចឯង តែបើនិយាយពីការចែករំលែកនិងក្តីស្រលាញ់វិញ គ្រួសារធំរបស់ខ្ញុំជួយយកអាសារដល់គ្នាទៅវិញទៅមកណាស់ មិនថាមានណាឬបញ្ហាណាក៏ដោយ។ អ្វីដែលពិសេសបន្ទាប់ពីនោះ គឺថាមាននំបញ្ចុកជាមួយសម្លប្រហើរសាច់ត្រីខាប់ៗយ៉ាងឈ្ងុញឆ្ងាញ់ ផ្ទាប់ជាគ្រឿងអន្លក់បន្លែគ្រប់មុខស្រស់ៗបែបធម្មជាតិបានមកពីជុំវិញផ្ទះហ្នឹងអែង មានឆាក្តាមស្រែជូរអែមសំបូរទៅដោយខួរពណ៍លឿងខាប់ និងជ្រក់ជើងមាន់ត្រជាក់ៗស្រួយស្រឹបជាមួយគ្រឿងផ្សំគ្រប់មុខបែបហិរតិចជូរតិចផ្អែមតិច អូយហៀរទឹកមាត់ហើយខ្ញុំ មិនដឹងញ៉ាំមុខណាទុកមុខណាទេ អ៏ ភ្លាចថា មានភ្លារក្តាមសេះជាបន្លែគ្រប់ជារសជាតិរូបមន្តយ៉ាងពិសេស និងគ្រឿងម្ជូរគ្រប់ទើបយកចេញពីធុងក្លាសេរបស់មីង ឆ្ងាញ់ណាបងប្អូនអើយ។ ភាពសប្បាយរីករាយក៏កើតឡើងនៅក្នុងកម្មវិធី បន្ទាប់ពីកាត់នំនិងធ្វើការជូនកាដូររួចហើយមក គឺដល់ពេលកូរហើយ មានអីច្រើនទេក្រៅពីការជល់កែវ ស្រែកច្រៀងនិងរាំតាមចង្វាក់ភ្លេងនឹងឯង។ រាត្រីថ្ងៃចុងសប្តាហ៏របស់ខ្ញុំបានបញ្ចប់ដោយភាពសប្បាយភ្លេចអស់ទុក្ខកង្វល់និងបញ្ហាទាំងពួង។ នាវេលាម៉ោង ១១ យប់ កម្មវិធីក៏បានបិទបញ្ចប់ រួចក្រុមគ្រួសារខ្ញុំក៏ត្រឡប់ទៅផ្ទះរៀងៗខ្លួនផងដែរ។ ខ្ញុំរៀបចំងូត កន្លែងសម្រាប់គេង ហើយក៏បាននិយាយលេងជាមួយម៉ែពុក បង ប្អូន និងក្មួយខ្ញុំ ពួកយើងហាក់ពេញចិត្តនឹងស្ថានភាពនេះណាស់ ទោះជាភាសានិយាយជាក់ច្បាស់ តែក្នុងចិត្តយើងម្នាក់ប្រាប់យ៉ាងច្បាស់ថា យើងត្រូវការគ្នាទៅវិញទៅមកដើម្បីឱ្យចំណងគ្រួសារមួយនេះកាន់តែប្រសើរឡើងទ្វេដងឥតឧបមា លើសពីការពណ៍នា។


ជាទម្លាប់របស់ខ្ញុំ នារាត្រីចុងសប្តាហ៏ចឹង គឺខ្ញុំមានកាលវិភាគនៅក្នុងទស្សនារឿងតាមយូធូប ហើយសុទ្ធតែជារឿងដែលខ្ញុំកំពុងតាមដាន និងចូលចិត្តខ្លាំង។ បន្ទាប់ពីប្រាប់ក្មួយឱ្យចូលគេងមុន ខ្ញុំក៏បានមើលរឿងតាមរយះកញ្ចក់ទូរស័ព្ទរហូតដល់ម៉ោង១ភ្លឺ សាច់រឿងថ្ងៃនេះល្អមើលក្នុងការកំសាន្តណាស់ ធ្វើឱ្យខ្ញុំពេញហើយស្កប់ស្កល់នឹងស្នាដៃរបស់អ្នកនិពន្ធ ហើយក៏និយាយក្នុងចិត្តជារឿយប្រាប់ខ្លួនថា ជីវិតមានន័យណាស់ ហើយលួចញញឹមម្នាក់ឯងដូចមនុស្សវិកលចឹង ឱ្យតែពេញមើលសាច់រឿងត្រូវចិត្តបែបនេះគឺខ្ញុំសប្បាយតែម្តង ហើយក៏ចូលគេងដោយភាពររីករាយនឹងស្នាមញញឹមទាំងបិទភ្នែកដែរ។ ប៉ុន្តែថ្ងៃនេះចំឡែកណាស់ ខ្ញុំខំសំងំបិទភ្នែក តែរហូតដល់ម៉ោង២ហើយនៅតែមិនទាន់មានអារម្មណ៏នឿយឬក៏ងងុយគេងដែរ។ គិតក្នុងចិត្តថា បើមិនគេងដដែល ត្រូវធ្វើរឿងអ្វីម្យ៉ាងដែលមានប្រយោជន៏ បម្រុងយកុំព្យូទ័រដៃបើកមកធ្វើការងារបន្ត ស្រាប់នៅក្នុងចិត្តមួយក៏ប្រាប់ថា គួរតែថតសម្លេងខ្លួនឯងទុកចំពោះសកម្មភាពមួយថ្ងៃពេញនេះ ព្រោះថាវាចម្លែកខុសរាល់ដងដូចថ្ងៃដទៃ។ បន្ទាប់មក ខ្ញុំក៏សញ្ជឹងគិតថា តើហេតុអ្វីក៏វាចឹងថ្ងៃនេះ អីក៏ចម្លែកម្ល៉េះ? គិតសារចុះសារឡើង អូលាន់មាត់ ទើបសម្គាល់ឃើញថា មួយថ្ងៃពេញនេះ ខ្ញុំបានទទួលអារម្មណ៏ល្អបំផុតច្រើនដងណាស់ តាំងពីព្រលឹមមកដល់ពេលនេះ វាជាដើមចមដែលធ្វើឱ្យសតិអារម្មណ៏និងកម្លាំងចិត្តខាងក្នុងរបស់ខ្ញុំមានថាមពលជាងសព្វដង ហើយវាមានឥទ្ធិពលទៅលើរូបរាងកាយខ្ញុំ ចឹងថា បានជាមានអារម្មណ៏មិនហត់សោះ។


 កម្លាំងខួរក្បាលគឺពិតមានកម្លាំងមហាសាលណាស់ បើយើងប្រើវាត្រូវចំគោលដៅ នោះយើងប្រើវាមិនចេះអស់មិនចេះហត់នោះឡើយ កាន់តែប្រើ កាន់តែមានអារម្មណ៏សប្បាយស្កប់ចិត្តនឹងធ្វើអ្វីគ្រប់យ៉ាង ដោយការត្រេកអរ ជាមួយស្នាមញញឹមបង្កប់អត្ថន័យជីវិត។ បន្ទាប់ពីថតសម្លេងខ្លួនឯងទុករួចមក ក៏កាត់តជាវីដេអូឃ្លីបសម្រាប់ផុសក្នុងបណ្តាញសង្គមក្នុងគោលបំណងចែករំលែកបទពិសោធន៏ដ៏អស្ចារ្យមួយ ដើម្បីឱ្យមិត្តអ្នកអាន ចេះចាប់ផ្តើមរៀនកត់សម្គាល់និងត្រិះរិះពីសកម្មភាពប្រចាំថ្ងៃរបស់យើងម្នាក់ៗ ព្រោះគ្រប់យ៉ាងអ្វីដែលយើងគិត ធ្វើ និងទទួល សុទ្ធតែមានហេតុផលរបស់វា ព្រោះវាមានថាមពលអស្ចារ្យមួយ វាទាញស្រូបជានិច្ច។


សរុបមក មនុស្សយើងម្នាក់ៗ បើចង់ទទួលបានភាពអសា្ចរ្យអ្វីមួយឱ្យកើតមានឡើងនៅក្នុងជីវិតបាន គឺអាស្រ័យទៅខ្លួនយើង ជាអ្នកបង្កើតវាឡើង មានអារម្មណ៏ល្អជាមួយវា ពេញចិត្តនឹងវា ហើយត្រូវចេះកត់សម្គាល់ពីបាតុភូតទាំងអស់នោះ ជាប្រវត្ថិសាស្រ្តរបស់ខ្លួនឯង ដោយចាត់ទុកជាបទពិសោធន៏នៃជីវិត។ ជីវិតមួយនេះ មានរឿងរ៉ាវដែលពោរពេញទៅដោយអត្ថន័យណាស់ ឱ្យតែយើងប្រើវិធីសាស្ត្រទៅស្វែករកវាដោយត្រឹមត្រូវស្របជាមួយឆន្ទះយើងយល់ព្រមថា ស្កប់។



មើលវីដេអូ៖ 





Friday, October 2, 2020

វីធីសាស្ត្រកំចាត់មុនក្បាលខ្មៅឬមុនសាច់ចេញពីផ្ទៃមុខ

 


មនុស្សយើងមិនថាប្រុសឬស្រីទេ គឺតែងតែជួបប្រទះនូវបញ្ហាមានមុនក្បាលខ្មៅឬហៅថាមុនសាច់នៅលើផ្ទៃមុខជានិច្ច ជាពិសេសនៅតាមតំបន់ក្បែរខ្ទង់ច្រមុះ និងថ្ពាល់តែម្តង គឺសំបូរច្រើនណាស់។ ការឡើងមុនបែបនេះអាចមកពីកត្តាមិនបានអនាម័យ បម្រែបម្រួលអរម៉ូន និងតំណពូជ។ 


ការដែលបណ្តោយមុននេះអោយនៅតែបន្តមាន  មិនព្រមចាត់ការឬធ្វើអ្វីមួយទេ ប្រាកដច្បាស់ណាស់ថា មុខអ្នកដែលមានបញ្ហានឹងមើលទៅមិនស្អាត ហើយថែមទាំងមានប្រហោរទៀតផង។


ថ្ងៃនេះខ្ញុំសូមចែករំលែកនូវបទពិសោធន៏ខ្លះៗ ដែលខ្ញុំបានធ្វើកន្លងមកហើយមានប្រសិទ្ធភាពផងដែរ។ គ្រឿងផ្សំនិងផលិតផលមួយចំនួនដែលខ្ញុំបានយកមកប្រើប្រាស់៖










១. ក្រូចឆ្មារ ជាមួយទឺកឃ្មុំ

ក្រូចឆ្មារគឺសំបូរទៅវីតាមីនសេ ដែលជាវីតាមីនដ៏ល្អបំផុតក្នុងការព្យាបាល ក៏ដូចជាថែរក្សាស្បែកមុខ។ មិនត្រឹមតែប៉ុណ្ណោះវាជួយកម្ចាត់នូវកោសិកាចាស់នៅលើផ្ទៃមុខ ធ្វើអោយមើលទៅភ្លឺរលោងបែបធម្មជាតិ។ រីឯទឹកឃ្មុំជាទឹកអមដ៏មានសក្តានុពលបំផុតចម្រាញ់ពីធម្មជាតិស្រស់ ដែលវាអាចធ្វើស្បែកមុខភ្លឺរលោង និងមានសំណើម។ 

ការអនុវត្តគឺគ្រាន់តែច្របាច់ក្រូចឆ្មារយកទឹក រួចលាយជាមួយទឺកឃ្មុំ តាមបរិមាណដែលចង់បាន ហើយលាយនិងធ្វើការម៉ាស្សាលើផ្ទៃមុខថ្នមៗរយះពេល ១ ទៅ ៣ រួចទករយះពេល ១០ ទៅ ១៥ នាទី។ ចុងក្រោយលាងទឹកចេញជាការស្រេច តែអាចបិទម៉ាសមុខសន្លឹកបន្ទគឺមានប្រសិទ្ធភាពខ្ពស់ ។ តែវាគ្រាន់តែជាវិធីដែលខ្ញុំប្រើដើម្បីការពារនិងទប់ស្កាត់ កុំអោយកើតមានមុនច្រើនតែប៉ុណ្ណោះ តាមធម្មជាតិរបស់វាគឺត្រូវតែកើតមានតិចតួច ។


២. ប្រើផលិតផល kaarine 

kaarine ជាប្រភេទម៉ាសខ្មៅបកមុនគ្រប់ប្រភេទ ដែលផ្សំឡើងពីធ្យូងថ្មឬស្សី  ប្រទាលកន្ទុយក្រពើ និងប្រេងផ្កា។ រូបមន្តនិងផលិតពីប្រទេសអាឡឺម៉ង់ ដែលជាផលិតផលមានគុណភាពខ្ពស់ និងសុវត្ថិភាពនៅក្នុងការប្រើប្រាស់។ ផលិតផលនេះប្រើបានទាំងប្រុសទាំងស្រី។ 

ចំពោះការប្រើប្រាស់គឺងាយស្រួលមែនទែន គឺគ្រាន់តែធ្វើការក្រឡុកអោយសាច់ម៉ាសលាយចូលគ្នា រួចហើយច្របាច់លាបនៅផ្ទៃមុខ មិនអោយក្រាស់ពេកឬស្តើងពេក ព្រោះពិបាកក្នុងការបកឬចំណាយពេលយូរ។ បន្ទាប់មកគឺអាចចាំអោយសាច់ម៉ាសស្ងួត ប្រហែល ២០ ទៅ ៣០នាទី។ ធ្វើការបកម៉ាសចេញ បន្ទាប់ហើយគឺអាចលាងមុខលាងចេញ ឬបើខ្ជិល អាចបន្តទៅបិតម៉ាសមុខសន្លឹក ឬប្រទាលជែល ឬក៏គ្រឿងសំអាងមានមុខងារផ្តល់សំណើម និងជួយផ្ជិតរន្ទមុខបាន។ អនុវត្តតែ ២ ឬ ៣ដងក្នុង១សប្តាហ៏នោះ នឹងឃើញថាមុខរបស់អ្នករាល់ប្លែក។ 


គួរចងចាំផងដែរថា ប្រសិនបើអ្នករាល់គ្នា ចេញទៅណាមកណាពេញមួយថ្ងៃ គួរតែប្រើប្រាស់ផលិតផលដែលផ្តល់សំណើម ការពារកំដៅថ្ងៃ ទប់ស្កាត់ការចេញខ្លាញ់ និងមានមុខងារផ្សេងទៀតទៅលើផ្ទៃមុខ។ ជាពិសេសឧស្សាហ៏លាងសម្អាតជាប្រចាំ ប្រសិនមានអារម្មណ៏ថាមុខអ្នករាល់គ្មាមានភាពកង្វក់។ ហាមប្រើដៃដែលគិតថាមិនស្អាតទៅប៉ះនឹងផ្ទៃមុខដោយផ្ទាល់ ព្រោះថាវាជាកត្តាដ៏ធំចម្បងដែលធ្វើអោយមានអត្រាកើតឡើងមុនបានយ៉ាងផងដែរ។ 


មើលវីដេអូខាងក្រោម៖



Featured Post

ដំណើរជីវិតខ្ញុំ នាវ័យ២៥ឆ្នាំ

 ដំណើរជីវិតខ្ញុំ នាវ័យ២៥ឆ្នាំ ១. ការត្រៀមខ្លួនរួចស្រេច ការពិត​មនុស្សម្នាក់ៗ មុននឹងឈានឆ្លងថ្ងៃខួបកំណើត គ្រប់គ្នាបានគិតនិងត្រៀមជាមុនរួចហើយ ថាន...